ស្តេចផឹកប្រចាំភូមិ២នាក់ ភ្នាល់គ្នាអ្នកឈ្នះស្លាប់អ្នកចាញ់ដឹកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យប្រទេសវៀតណាម

ខេត្តតាកែវ បុរស២នាក់បានណាត់គ្នា ប្រកួតផឹកស្រា (ស)អស់​ម្នាក់​ចំនួន២លីត្រ អ្នកឈ្នះបានដេកស្លាប់នៅនឹងកន្លែង ឯអ្នកចាញ់ សន្លប់ស្តូកស្តឹងត្រូវបាន​ក្រុមគ្រួសារហៅរថយន្ត​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេសវៀតណាម ។ហេតុការណ៍ប្រកួតដ៍សាហាវនេះ បានកើតឡើងកាលពី​ថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១៨ នៅ​ភូមិ​តា​ហៀន ឃុំ​ព្រៃ​យុថ្កា ស្រុក​កោះអណ្តែត ខេត្តតាកែវ។

ដំបូង​គឺ​ឈ្មោះ ញា​ញ់ ហេន ភេទ​ប្រុស អាយុ៤០ឆ្នាំ រស់នៅ​ភូមិ/ឃុំ​កើតហេតុ បាន​ផឹកស្រា(ស)ភ្នាល់​គ្នា​ជាមួយ​ឈ្មោះ ទូច តេង ភេទ​ប្រុស អាយុ៣៧ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​បាយ ឃុំ/ស្រុក​កើតហេតុ អស់​ម្នាក់២លីត្រ។ ក្រោយពី​ផឹក​រួច ឈ្មោះ​ញា​ញ់ ហេន បាន​ដេកស្លាប់​នៅផ្ទះ រីឯ​ឈ្មោះ ទូច តេង សន្លប់​បាត់ស្មារតី ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម។ កម្លាំង​ជំនាញ​កំពុង​ចុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​លើ​ករណីនេះ។ ចំណែក​សព​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕